រដ្ឋបាលរាជធានីភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា
FN ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ នេះបើតាមលិខិតណែនាំរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើទៅកាន់គ្រប់រដ្ឋបាលខណ្ឌ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងលិខិតរបស់ខ្លួនរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមមន្ទីរ អង្គភាព សាលារៀន រោងចក្រ សហគ្រាស និងលំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរព្រះរាជពិធីមួយនេះ។ ដោយឡែក សម្រាប់បញ្ហាសន្ដិសុខវិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ ត្រូវរៀបចំផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍មុន ក្នុង និងក្រោយពេល ប្រារព្ធព្រះរាជពិធី៕