ក្រសួងទេសចរណ៍៖ កម្ពុជានឹងស្នើដាក់​​ ទីក្រុងបាត់ដំបង ក្រចេះ និងកំពត ជាទីក្រុងបេតិកភណ្ឌ ក្នុងសន្និសីទអន្តរជាតិ ស្តីពីទេសចរណ៍បេតិកភណ្ឌ

FN ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍បេតិកភណ្ឌ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ម្ចាស់ផ្ទះកម្ពុជា នឹងស្នើសុំដាក់ទីក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌ បន្ទាប់មកនឹងដាក់ចេញសេចក្តីប្រកាសសៀមរាប ស្តីពីការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ ដើម្បីរំលេចអំពីសារៈសំខាន់ របស់ទេសចរណ៍បេតិកភណ្ឌ។ លោករដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD លើកទី២ ដោយមានការចូលរួមមកពីតំបន់អាស៊ី ២២ប្រទេស នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។ លោក ទិត ចន្ថា ឲ្យដឹងថា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ គឺដើម្បីរៀបចំនូវឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ នៅថ្ងៃស្អែកនេះ បន្ទាប់ពីពិធីបើកក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ទីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ACD និងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍…

កម្ពុជានាំចេញអង្ករបានជិត២៦ម៉ឺនតោន នៅរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៧នេះ កើនឡើង១០%

FN ៖ តួលេខនាំចេញអង្ករផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ​ បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានជិត២៦ម៉ឺនតោន។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា រយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចំនួន ២៥៧,៦៣៧តោន កើន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានចំនួនត្រឹម២៣៤,៣២៨តោន។ យោងតាមទិន្នន័យរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ប្រទេសដែលកម្ពុជានាំចេញអង្ករបានច្រើនជាងគេ គឺប្រទេសចិនចំនួនជិត៩ម៉ឺនតោន, ប្រទេសបារាំងជាង៣ម៉ឺនតោន និងប្រទេសប៉ូឡូញជាង២ម៉ឺនតោន។ សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦០ប្រទេសនៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករមានចំនួនជាង៧០ក្រុមហ៊ុន។ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោន៕

ក្រសួងការពារជាតិ ប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

FN ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងការពាជាតិកម្ពុជា បានរៀបចំប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ព្រមទាំងនាយទាហានតាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទផងដែរ។ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ក្រោមកិច្ចសហការជាមួយកងទ័ពវៀតណាម។ ការដួលរលំនៃរបប​នេះ ក៏បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅកម្ពុជារហូតដល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន៕