សេចក្តីជូនដំណឹងដល់ពលករខ្មែរកំពុងស្នាក់នៅប្រទេសថៃ និងផ្អាកបញ្ជូនពលករទៅថៃជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ព្រមទាំងការផ្អាកបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋមន្រ្តីក្រសួងការងារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។ រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃនោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដូចខាងក្រោម៖ ក. សម្រាប់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ១៖ សូមអនុវត្តឱ្យបានល្អនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ-១៩។ ២៖ សូមរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ៣៖ ត្រូវចូលរួមសហការ…

សេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសកល និងសម្រាប់ឆ្នាំ២០២១

FN ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការការពារការចម្លងវីវុសកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសកលថ្មី និងសម្រាប់ឆ្នាំ២០២១។ សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានលើកឡើងថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរ នាពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ឋនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» មានអ្នកជាសះស្បើយជាបន្តបន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតក៏ពិតមែន ក៏ប៉ុន្តែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ គឺមិនទាន់មានការធូរស្បើយនៅឡើយទេ ព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញ នៅបណ្ដាប្រទេសជាច្រើន ជាក់ស្តែងយោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ករណីជំងឺកូវីដ-១៩ សរុបនៅលើសកលលោកមាន ៧២ ២៩៩ ០៤២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបមានជាង១.៦លាននាក់ហើយ នេះបើគិតត្រឹមម៉ោង១៧៖២២ល្ងាច នៃថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសាជាថ្មី ដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅកម្ពុជា ត្រូវបន្តចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩…

ក្រសួងអប់រំ ប្រកាសជាផ្លូវការឱ្យបេក្ខជនចុះឈ្មោះប្រលងឌីប្លូម និងបាក់ឌុប ជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេស

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។ យោងតាមសេចក្តីជូនដំណឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងបានបញ្ជាក់ថា ការសម្រេចបែបនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។ សម្តេចតេជោ បានផ្តល់យោបល់បែបនេះ ដោយសារតែសម្តេចមិនអនុញ្ញាតឱ្យមានការប្រលង ព្រោះបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩។ បើតាមក្រសួងអប់រំ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ នេះបើតាមការឲ្យដឹងពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។…