ក្រសួងសុខាភិបាលប្រកាសឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
FN ៖ ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នេះបើតាម សេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការសម្រេចយកសណ្ឋាគារនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងធ្វើចត្តាឡីស័កឱ្យបានសមរម្យសម្រាប់អ្នកដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលផ្ទុកជំងឺកូវីដ១៩ ជាពិសេសចំពោះអ្នកដែលមិនមានលទ្ធភាពក្នុងការធ្វើចត្តាឡីស័កដោយខ្លួនឯង។ សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ទើបបានរកឃើញអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ១៩ ពីរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ក្នុងនាមនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ ហើយរួមគ្នាជម្នះឧបសគ្គចំពោះកម្ពុជានាពេលនេះ៕