ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ភាគីរដ្ឋនិងឯកជន ត្រូវជំរុញការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍ទេសចរណ៍ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគកាន់តែច្រើន
FN ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ភាគីរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយនិងបង្កើត ព្រឹត្តការណ៍ទេសចរណ៍ឲ្យកាន់ផុសផុល ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ចូលមកកម្ពុជាកាន់តែច្រើន។ ថ្លែងក្នុងពិធីប្រកាសបើកពិធីបុណ្យទន្លេលើកទី៣ ជាផ្លូវការ នៅខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ» និងអំពាវនាវឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការអភិវឌ្ឍតំបន់ដងទន្លេ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍបៃតងនៅតំបន់នេះ ស្របតាមទស្សនទាន «ស្អាត និងបៃតង»។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «ប្រធានបទបុណ្យទន្លេលើកទី៣នេះ គឺពិតជាស័ក្តិសមបំផុត ព្រោះថាខេត្តស្ទឹងត្រែង គឺជាខេត្តភាគឦសានមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់ស្អាត ប្រកបដោយសក្តានុពលអេកូ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ព្រមទាំងជាច្រកទ្វារអន្តរជាតិយ៉ាងសំខាន់…