ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧
FN ៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលចូលរដ្ឋបាន១៩.៣ទ្រីលានរៀល (ប្រហែល៤.៨ពាន់លានដុល្លារអាមេរិក)។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកា ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនានេះ បានបញ្ជាក់ថា «ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ ទ្រីលានរៀលស្មើនឹង១០៦.១%នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់៨.៤% ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់៨.១% និងចំណូលមូលធនសម្រេចបានប្រមាណ៩៩.៧% នៃច្បាប់»។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែ លមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕