សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យ

ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈខ្ញុំព្រះករុណាខ្ញុំ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការដែលទៅដល់ប៉េកាំងមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាក

ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។ ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតី ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន៖ «របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»

របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ? បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ ដូចឆ្នាំ២០២០ផងនោះ។ យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដី និងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។ សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារបិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា? ពួកជ្រុលនិយមទិតៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កាន ដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃ មកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។ សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខ ទាំងអស់៕