សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ អ្វីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ចាមនេះសាជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។…

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យ

ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈខ្ញុំព្រះករុណាខ្ញុំ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការដែលទៅដល់ប៉េកាំងមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាក

ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។ ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតី ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦។