សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប ៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ ឯកឧត្តម អរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឲ្យសម្រេចបានជោគជ័យ។​ ឯកឧត្តម ក៏អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមព្យូហយាត្រាកងទ័ព។ សម្តេចតេជោ បានអបអរសាទរ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសខួប ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបង្រួមជាតិវៀតណាម ។ សម្តេចប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច…

សម្ដេចតេជោ ហ៊ុន សែន “រឿងដែលចងចាំក្នុងខែមេសា កាលពីជាង៥០ឆ្នាំមុន”

រឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង ៥០(ឆ្នាំ) មុនសម្រាប់ជីវិតខ្ញុំ។ ថ្ងៃ ៤ មេសា កន្លងមកជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់ សម្តេចព្រះបិតាជាតិ (៤ មេសា ១៩៧០. ៤ មេសា ២០២៥)។ ១៣ មេសា កន្លងមកជាខួបលើកទី ៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាម នាចុងខែ មីនា ១៩៧៤ (១៣ មេសា ១៩៧៤ – ១៣ មេសា ២០២៥)។ ចុងក្រោយនៅថ្ងៃ ១៦ មេសា ជាខួបលើកទី៥០ឆ្នាំ នៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥. ១៦ មេសា ២០២៥)។ ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះ មានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធា នយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ, ជីវិតពេលមានភរិយា, ជីវិតពេលមានកូន, ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមាន ចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិច…

សម្ដេចតេជោ “ជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន”

ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ ៧ថ្ងៃ និង១០០ថ្ងៃ នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខានស្អែក ៣ មេសា ២០២៥។ ខ្ញុំយំ និងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំ ដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ ខ្ញុំបានជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។ រឿងដែលធ្វើឲ្យខ្ញុំកាន់តែសង្វេគ គឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅ កូនៗមិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុក ដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ ហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។ បងប្រុស ថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រី ដែលពួកបងបែកគ្នា១២ឆ្នាំហើយនឹងបានជួបគ្នាវិញ ដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។ យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗ និងចៅៗរបស់បង៕