សម្ដេចតេជោ “ជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន”

ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ ៧ថ្ងៃ និង១០០ថ្ងៃ នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខានស្អែក ៣ មេសា ២០២៥។ ខ្ញុំយំ និងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំ ដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ ខ្ញុំបានជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។ រឿងដែលធ្វើឲ្យខ្ញុំកាន់តែសង្វេគ គឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅ កូនៗមិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុក ដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ ហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។ បងប្រុស ថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រី ដែលពួកបងបែកគ្នា១២ឆ្នាំហើយនឹងបានជួបគ្នាវិញ ដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។ យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗ និងចៅៗរបស់បង៕

សម្ដេចតេជោ ហ៊ុន សែន បានទទួលជួប រជ្ជទាយាទ លុចសំបួ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ចូលជួបការសំដែងការគួរសម ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និង គណៈប្រតិភូដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេចនាពេលនេះ ដែលបង្ហាញអំពីសមានចិត្តដ៏ល្អរបស់ភាគីមិត្ត និងចំណងមិត្តភាព និងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ សម្ដេចមានការសោកស្ដាយ ចំពោះ ការលុបគម្រោងជំនួបរវាង រជ្ជទាយាទជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារ ពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេច ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈប្រតិភូលុចសំបួជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជា។ នៅក្នុងឱកាសនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលស្វាគមន៍ព្រះអង្គ និង គណៈប្រតិភូ…

សម្ដេចតេជោ “ទូកទៅកំពង់នៅ”

ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១បានឡើយ តែគាត់អាចចូលមកដុតធូបជូនបងប្រុស នៅពេលគាត់ត្រឡប់ពីសាំហ្កាពួនៅព្រឹកស្អែក ៣០ មីនា ២០២៥ ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។ (ទូកទៅកំពង់នៅ) បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាង ព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពី ឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។ ទោះជាគាត់មានកូន មានចៅដែលចេះ ទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែប ខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។ កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើត ក្មួយប្រសារ ទាំងប្រុសស្រីស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។ ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពី ឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុកនៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមក រក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី១ ខែមេសា ដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់ពីបញ្ចុះសពរួចនឹងធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំ…