សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនៈចំនួន៤ ដល់វេទិកាពិភពលោក ដើម្បីពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍មនុស្សជាតិ
FN ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក បានឡើងថ្លែងសុន្ទរកថាគន្លឹះលើមូលបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»។ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនថ្នាក់ពិភពលោកដទៃទៀត សុទ្ធតែបានគូសបញ្ជាក់ពីសារៈសំខាន់ និងគុណតម្លៃនៃសុខសន្តិភាព ការរក្សាសន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស។ តែក៏បានលើកបង្ហាញនូវបញ្ហាប្រឈមមួយចំនួនទៅលើបញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ធនធានមនុស្សនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ប៉ុន្តែសន្តិភាពសកលនាពេលបច្ចុប្បន្ននៅមានភាពផុយស្រួយ ដោយសារការវិវត្តទៅរកក្របខណ្ឌពហុប៉ូល, ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាព នៃអំណាចសកល។ សម្តេចតេជោ បន្តថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មដ៏ស្រួចស្រាល និងអាចអូសបន្លាយរយៈពេលវែង ដែលបង្កើតជាហានិភ័យសេដ្ឋកិច្ច, បង្កផលប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមធ្យម និងការអភិវឌ្ឍនៃសង្គមសេដ្ឋកិចជារួម។ សម្តេចតេជោ ក៏បានកត់សម្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិវត្តទៅជាហានិភ័យ ដែលគំរាមកំហែងដល់ការអភិវឌ្ឍ និងសន្តិសុខរបស់មនុស្សជាតិ។ ការកើនឡើងកំដៅភពផែនដី, កំណើនជាលំដាប់នូវកម្ពស់ទឹកសមុទ្រ,…