គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលដាក់បញ្ចូលក្នុងរបៀបវារៈព្រឹកមិញ
FN ៖ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលជារបៀបវារៈនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវបានអនុម័តទាំងស្រុងហើយ បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេល១ព្រឹក។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សេចក្តីព្រាងច្បាប់ចំនួន៣នោះ រួមមាន ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ និងទី៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ជាដើម។ ក្រៅពីនោះ គណៈរដ្ឋមន្រ្តីក៏បានពិភាក្សាអំពីបញ្ហាផ្សេងៗមួយចំនួនទៀត។ ថវិកាចំណាយសម្រាប់ឆ្នាំ២០១៧ មានចំនួនប្រមាណជាង៥ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ១៥,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៦។ ការកើនឡើងចំណាយនេះបានផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សរ៍ មន្រ្តីរាជរដ្ឋាភិបាល ក្នុងមុខតំណែង ឬហៅថា សមាជិករាជរដ្ឋាភិបាល ប្រហាក់ប្រហែលនឹងទ្វេដង នៅឆ្នាំ២០១៧ ខាងមុខនេះបើធៀបនឹងឆ្នាំ២០១៦៕