សម្តេចតេជោរំភើបរហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលឃើញរូបថត គំនូរ និងពាក្យជូនពររបស់កុមារពិការ អង្គការ HHC
អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហានេះ បានបញ្ជាក់ពីក្តីរំភើប រហូតដល់ស្រក់ទឹកភ្នែកមិនខ្លួន នៅពេលសម្តេចបានឃើញការរៀបចំរូបថត គំនូរ និងការសរសេរពាក្យពេចន៍ជូនពររបស់កុមារពិការ នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (HHC) ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដំណក់ទឹកភ្នែករបស់សម្តេច នឹងធ្វើឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខិតខំជួយកុមារពិការ នៃអង្គការ HHC តទៅទៀត ហើយសម្តេចនឹងរកពេលជួបកុមារពិការនៅអង្គការនេះ នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook យ៉ាងដូច្នេះថា «តា និងយាយរំភើបចិត្តខ្លាំងណាស់ ដែលចៅៗបាននាំគ្នារៀបចំរូបថត គំនូរ និងសរសេរពាក្យជូនពរមកតាយាយ។ ចៅៗបានធ្វើឱ្យតាស្រក់ទឹកភ្នែក ដែលហូរមកមិនដឹងខ្លួន។ ដំណក់ទឹកភ្នែករបស់តា នឹងធ្វើឱ្យតារួមជាមួយយាយ ខិតខំជួយពួកចៅតទៅទៀត។ តានឹងរកពេលទៅជួបចៅៗនាពេលខាងមុខ។ ជូនពរចៅៗមានសុខភាពល្អ»៕