“បាត់បង់ប្រាក់ដោយកូវីដ១៩ ជាការខកចិត្តនៅដំណាក់កាលចុងក្រោយ”
ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣, ក្នុងឱកាសចូលរួមសម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរួមមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី២១រូប និងរដ្ឋមន្រ្តី៣០រូប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាជិកសភាមណ្ឌលកណ្តាល បានឆ្លើយតបទៅសំនួរអ្នកសារព័ត៌មានស្តីពីអារម្មណ៍ពេញចិត្តនិង/ឬខកចិត្តជាងគេបំផុតក្នុងការដឹកនាំកន្លងទៅ។ សម្តេចតេជោ លើកឡើងថា “ការដឹកនាំតែងតែមានការពេញចិត្ត ឬរហូតទៅដល់ការខកចិត្ត។ តើអ្វីខ្លះដែលជាការខកចិត្ត(របស់ខ្ញុំ)។ ខ្ញុំមិននិយាយពីការពេញចិត្តទេ ព្រោះការពេញចិត្តនោះ អង្គុយមួយថ្ងៃគឺនិយាយមិនចង់អស់ផង […] ការខកចិត្តចុងក្រោយរបស់ខ្ញុំគឺខណៈដែលកម្ពុជាធ្លាប់តែមាន(សេដ្ឋកិច្ច)ដ៏ស្ថិរភាព មានការរីកលូតលាស់ជាមួយកំណើនដល់ជាង ៧% ក្នុងមួយឆ្នាំ ប៉ុន្ដែកូវីដ១៩ បានបន្ទច់បង្អាក់ចលនាកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើអោយអត្រាភាពក្រីក្រដែលយើងបានបញ្ចុះទៅនៅក្រោម ១០% កើនឡើងមកវិញ។ ជាមួយប្រាក់សន្សំប្រមាណជិត ៤ពាន់លានដុល្លារ ដែលខ្ញុំប៉ុនប៉ងប្រើធ្វើហេដ្ឋារចនាសម្ព័ន្ធដោយមិនពឹងផ្អែកលើបរទេស ក៏ត្រូវបាត់បង់ដោយត្រូវប្រើប្រាស់វាទប់ទល់ជាមួយកូវីដ-១៩”។ សម្តេចតេជោបន្តថា “មានការខកចិត្តខ្លះៗទៀត ក៏ប៉ុន្តែមិនធំទេ។ អ្វីដែលជារឿងធំគឺការខកចិត្តទៅលើការដែលប្រទេសកំពុងតែមានល្បឿនទៅមុខ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវបាត់បង់ទំហំប្រាក់ដែលយើងសន្សំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីពន្លឿនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ នេះជាការខកចិត្តរបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ”។