សម្តេចតេជោ ហ៊ុន សែន៖ យុវជនខ្មែរត្រូវកសាងស្នាដៃជាយុវជនគំរូ ដើម្បីកិត្តិយសនិងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ
FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជាឱ្យកសាងស្នាដៃជាយុវជនគំរូ ដើម្បីកិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ ជាពិសេស ត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុន ផងដែរ។ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ មុនចាកចេញទៅបំពេញ បេសកម្មនៅបរទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងមោទនភាពចំពោះយុវជនកម្ពុជា របស់យុវជនកម្ពុជា ២៩ នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន» ដែលមានរយៈពេល ៥២ ថ្ងៃ ចាប់តំាងពីថ្ងៃទី ២៥ តុលា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦។ សម្តេចតេជោ បានបញ្ជាក់ប្រាប់ក្រុមប្រតិភូយុវជនកម្ពុជា អំពីមូលហេតុទាំង ៤ ដែលនាំអោយកម្ពុជាចូលជាសមាជិកអាស៊ាន គឺ ទី១ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង, ទី២ ស្មារតីសហគមន៍ មានន័យថា សមាជិកអាស៊ានទំាងអស់មានភាពស្នើភាពនិងស្មើសិទ្ឋ, ទី៣ ការជំរុញកំណើរសេដ្ឋកិច្ច និងការកសាងសង្គមដែលយើងអាចទាញបានអំពីសមាគមអាស៊ាននេះ និងទី៤ ដែលជាកត្តាសំខាន់ គឺច្រកការទូតរបស់កម្ពុជាទៅកាន់បរទេស៕