សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហាររូបករណ៍៧០កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថានពហុសិក្សា ប្រទេសម៉ាលី សម្រាប់រយៈពេល១០ឆ្នាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។ នៅក្នុងជំនួប សម្តេចតេជោ បានសំដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថានដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី ។ សម្តេចតេជោ បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត ។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍន៍នៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០ កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង…

“បាត់បង់ប្រាក់ដោយកូវីដ១៩ ជាការខកចិត្តនៅដំណាក់កាលចុងក្រោយ”

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣, ក្នុងឱកាសចូលរួមសម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ដែលរួមមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី២១រូប និងរដ្ឋមន្រ្តី៣០រូប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាជិកសភាមណ្ឌលកណ្តាល បានឆ្លើយតបទៅសំនួរអ្នកសារព័ត៌មានស្តីពីអារម្មណ៍ពេញចិត្តនិង/ឬខកចិត្តជាងគេបំផុតក្នុងការដឹកនាំកន្លងទៅ។ សម្តេចតេជោ លើកឡើងថា “ការដឹកនាំតែងតែមានការពេញចិត្ត ឬរហូតទៅដល់ការខកចិត្ត។ តើអ្វីខ្លះដែលជាការខកចិត្ត(របស់ខ្ញុំ)។ ខ្ញុំមិននិយាយពីការពេញចិត្តទេ ព្រោះការពេញចិត្តនោះ អង្គុយមួយថ្ងៃគឺនិយាយមិនចង់អស់ផង […] ការខកចិត្តចុងក្រោយរបស់ខ្ញុំគឺខណៈដែលកម្ពុជាធ្លាប់តែមាន(សេដ្ឋកិច្ច)ដ៏ស្ថិរភាព ​មានការរីកលូតលាស់ជាមួយកំណើនដល់ជាង ៧% ក្នុងមួយឆ្នាំ ប៉ុន្ដែ​កូវីដ១៩ បានបន្ទច់បង្អាក់ចលនាកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើអោយអត្រាភាពក្រីក្រដែលយើង​បានបញ្ចុះទៅនៅក្រោម ១០% កើនឡើងមកវិញ។ ជាមួយប្រាក់សន្សំប្រមាណជិត ៤ពាន់លានដុល្លារ ដែលខ្ញុំប៉ុនប៉ងប្រើធ្វើហេដ្ឋារចនាសម្ព័ន្ធដោយមិនពឹងផ្អែកលើបរទេស ក៏ត្រូវបាត់បង់ដោយត្រូវប្រើប្រាស់វាទប់ទល់ជាមួយកូវីដ-១៩”។ សម្តេចតេជោបន្តថា “មានការខកចិត្តខ្លះៗទៀត ក៏ប៉ុន្តែមិនធំទេ។ អ្វីដែលជារឿងធំគឺការខកចិត្តទៅលើការដែលប្រទេសកំពុងតែមានល្បឿនទៅមុខ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវបាត់បង់ទំហំប្រាក់ដែលយើងសន្សំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីពន្លឿនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ នេះជាការខកចិត្តរបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ”។

រាជរដ្ឋាភិបាលថ្មីនឹងមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣, នៅវិមានរដ្ឋសភា, សម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ដែលរួមមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី២១រូប និងរដ្ឋមន្រ្តី៣០រូប។ ក្នុងសន្និសីទសារព័ត៌មានក្រោយសម័យប្រជុំ សម្តេចតេជោ ហ៊ុន សែន សមាជិកសភាមណ្ឌលកណ្តាល ថ្លែងអំពីការបង្កើតលេខាធិកា​រដ្ឋានកិច្ចការព្រំដែនថា៖ “(ទាក់ទងនឹង)រឿង(បង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែន)នេះ កាលពីមុនមក យើងមានគណៈកម្មាធិការព្រំដែន […] (ដែល)ពីមុនក៏ចំណុះរដ្ឋាភិបាលដែរ។ នាយករដ្ឋមន្ត្រីគឺជាប្រ​ធានគណៈកម្មាធិការព្រំដែនតែម្តង […] ពីមុន(ការ)បង្កើត(គណកម្មាធិការព្រំដែន ធ្វើឡើងដោយ)ដោយព្រះរាជក្រឹត្យ។ ឥឡូវនេះ យើងចង់ឲ្យមានស្ថាប័នរយៈពេលវែង ដោយមិនមែនជាគណៈកម្មាធិការទៀតទេ។ ពិតមែនតែនាយករដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំកំពូលៗ ត្រូវតែមានការទទួលខុសត្រូវលើរឿងនេះ ក៏ប៉ុន្តែបណ្តាឯកសារ ឬសំណុំឯកសារពាក់ព័ន្ធនឹងការចរចា ការបោះបង្គោលស្អីៗ ចាំបាច់ត្រូវតែមានការរៀបចំ។ រាជរដ្ឋាភិបាលមាន ២៨ក្រសួង និងមាន ២រដ្ឋលេខាធិការដ្ឋាន គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។ ពីមុនយើងមានគណៈកម្មាធិការ។ ឥឡូវយើងយកគណៈកម្មាធិការនោះ ទាំង ធន​ធានមនុស្សនិងឯកសារទាំងឡាយ មកបញ្ចូលក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការងារព្រំដែននេះតែម្តង […]៕