សម្តេចនាយករដ្ឋមន្រ្តី៖ កម្ពុជាអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនចូលសាលារៀន ខុសពីប្រទេសមួយចំនួនមិនអនុញ្ញាតនោះទេ
FN ៖ ខណៈថ្លែងសុន្ទរកថានៅក្នុងពិធីបើកការដ្ឋានកសាងផ្លូវ និងសម្ពោធផ្លូវជនបទនៅឯខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនដូចប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀននោះទេ, កម្ពុជាបានអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀនដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋខ្មែរទូទៅ មិនមានភាពរើសអើសនោះ នេះជានយោបាយឈ្នះៗ របស់គណបក្សប្រជាជនកម្ពុជា។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕