ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា
FN ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយកំណើនជារៀងរាល់ឆ្នាំនៃទំហំតម្រូវការរបស់យុវជន ដែលចង់បន្តការសិក្សា នៅកម្រិតឧត្តមសិក្សា, នៅពេលដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មិនអាចឆ្លើយតប បានគ្រប់គ្រាន់, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហ ដោយ អនុញ្ញាតឱ្យមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពបច្ចេកទេសខ្ពស់។…