សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ អគ្គនាយិកាអង្គការយូណេស្កូ ក្រោយ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិតផ្លូវការមួយ ដោយសូមថ្លែងអំណរគុណ ចំពោះអគ្គនាយិកាអង្គការយូណេស្កូ គឺលោកស្រី Irina BOKOVA បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» របស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង Cracovie នៃប្រទេសប៉ូឡូញ។ នេះបើតាមសារលិខិតថ្លែងអំណរគុណដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមឆ្លៀតយកឱកាសពោពេញដោយក្តីរីករាយនេះ ដើម្បីថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវ និងសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានខិតខំប្រឹងប្រែងក្នុងការទទួលស្គាល់តម្លៃសកលយ៉ាងវិសេសវិសាល នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានអនុម័តចុះបញ្ជីបេតិកភណ្ឌពិភពលោក»។