សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

នៅវិមាន៧មករា ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបប្រជុំនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញមកកាន់កម្ពុជានៅពេលនេះ។ ភាគីទាំងពីរបានបង្ហាញនូវចំហនៃការសាមគ្គីគ្នាដែលឆ្លុះបញ្ចាំងថាកិច្ចប្រជុំកំពូលនាពេលនេះ បានបញ្ជាក់អំពីស្មារតីនៃការសាមគ្គីគ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម។ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងគណបក្សទាំងពីរដែលផ្សំជាមួយគ្នាទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងស្ថាប័ននីតិប្បញ្ញត្តិផងដែរ។ សម្ដេចតេជោបានចែករំលែក នៅភាពរីកចម្រើននៃ ការវិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចែករំលែកព័ត៌មានមួយចំនួននៃស្ថានភាពតំបន់ និងពិភពលោក។ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍បដិសណ្ឋារកិច្ចចំពោះឯកឧត្តម និងគណៈប្រតិភូនាពេលនេះ ប្រកបដោយភាពកក់ក្តៅ។ ឯកឧត្តមបានឯកភាពទៅនឹងអ្វីដែលសម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីទាំងនៅក្នុងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាលផង និងស្ថាប័ននីតិប្បញ្ញត្តិផង។…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងរីករាយដែលបានជួបឯកឧត្តមសាជាថ្មីដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជា ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសស្ថាប័នព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងស្ថាប័ននីតិប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោក៏ឆ្លៀតអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា កាលពីខែវិច្ឆិកាកន្លងទៅបានជោគជ័យ ដែលជាការលើកកិត្យានុភាពរបស់ប៉ាគីស្ថានបន្ថែមទៀត។ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ ជាពិសេសការបដិសណ្ឋារកិច្ចដ៏អស្ចារ្យ…

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព គឺបានតបត

ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព ល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង៕