ខណៈការបោះឆ្នោតខិតជិតមកដល់ ជប៉ុនរំលឹកថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកស្នើឲ្យធ្វើកំណែទម្រង់បោះឆ្នោតនៅកម្ពុជា
FN ៖ គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់ក្នុងរយៈពេលតែមួយខែទៀតនោះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាអ្នកស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ក្នុងលិខិតរំលេចពីជំនួយសំខាន់ៗរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការធ្វើកំណែទម្រង់បោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា «ក្នុងអំឡុងកិច្ចប្រជុំកំពូលទ្វេភាគីក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើសំណើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីស្នើសុំការគាំទ្រលើកំណែទម្រង់ការបោះឆ្នោត។ ឆ្លើយតបការស្នើសុំក្នុងកិច្ចប្រជុំកំពូលនាខែធ្នូ ឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសបញ្ជូនក្រុមអង្កេតរបស់អង្គការ JICA ដើម្បីសិក្សា ស្ថានភាព និងកំណត់នូវអ្វីដែលជាតម្រូវការចាំបាច់ ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់ការបោះឆ្នោត»។ ក្នុងលិខិតបានបញ្ជាក់បន្ថែមថា ឆ្លើយតបនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយទាំងថវិកា និងបច្ចេកទេស សម្រាប់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជានេះមានដូចជា៖ ការចុះឈ្មោះបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការគណនាលទ្ធផលដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត…