សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវនិងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ជាទីមេត្រី! ជាដំបូង ក្នុងនាមអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងប្រជាជនកម្ពុជានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរីករាយជាអនេកដែលបានមកចូលរួម ពិធីជប់លៀងអបអរសាទរខួបអនុស្សារវីយ៍លើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥)។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសំដែងអំណរសាទរនិងសូមជូនពរបវរមហាប្រសើរ ជូនថ្នាក់ដឹកនាំរដ្ឋ បក្សនិងប្រជាជនវៀតណាមជាបងប្អូន សូមទទួលបានសុខភាពល្អ សុភមង្គល វិបុលភាពនិងជោគជ័យធំធេងថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ខណៈដែលទិវាឯករាជ្យថ្ងៃទី២ ខែកញ្ញា ជិតមកដល់ ប្រជាជនវៀតណាមមានអារម្មណ៍រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមជាមួយនឹងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបាន តស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបានសិទ្ធិស្វ័យសម្រេច តែងតែត្រូវបានចងចាំនិងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់, ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន…