ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
FN ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើបសាងសង់រួចរាល់។ អគារសិក្សា៥ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅសាលាផ្សេងៗគ្នា តែពិធីសម្ពោធត្រូវបានរៀបចំឡើងរួមគ្នានៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីសម្ពោធសមិទ្ធផលដ៏មានគុណតម្លៃសម្រាប់វិស័យអប់រំលើទឹកដីខេត្តកំពង់ធំនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាមកពីសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តយ៉ាងច្រើនកុះករ។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ * ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ខ្នង សរុប៥៥ បន្ទប់ នៅខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» នាពេលនេះ។…

