ការដកស្រង់សេចក្តីអធិប្បាយ ក្នុងខួបលើកទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនសមាជិក សមាជិកា ដែលបានចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី។ ឆ្នាំមុន ចំពេលយើងកំពុងធ្វើយុទ្ធនាការទ្រង់ទ្រាយធំសង្គ្រោះប្រជាពលរដ្ឋពីគ្រោះខ្វះខាតទឹក ថ្ងៃនេះខ្ញុំពិតជាមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ដើម្បីប្រារព្ធពិធីខួបលើកទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីនេះ។ មួយឆ្នាំមុននេះ យើងបានជួបជុំគ្នានៅទីនេះ។ ខ្ញុំនៅចងចាំមិនភ្លេចទេ នៅពេលដែលយើងប្រារព្ធនូវទិវាខួបលើកទី ១៥៣ គឺចំពេលវេលា ដែលយើងកំពុងធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើងពីការខ្វះខាតទឹកផឹកតែម្តង។ ឆ្នាំកន្លងទៅ គឺជាឆ្នាំមិនត្រឹមតែខ្វះទឹកសម្រាប់ស្រោចស្រពប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងខ្វះរហូតដល់ទឹកប្រើប្រាស់ និងទឹកសម្រាប់ផឹកទៀតផង។ យុទ្ធនាការទ្រង់ទ្រាយធំនេះ បានប្រើកម្លាំងយ៉ាងធំ ទាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ជាន់ថ្នាក់ ការចូលរួមដ៏ខ្លាំងក្លារបស់កាកបាទក្រហម ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា។ តាមរយៈនៃការខិតខំទាំងអស់នេះ វាក៏បានបន្សល់ទុកឲ្យយើងក្រៅពីសង្គ្រោះប្រជាពលរដ្ឋ រួចហើយនោះថវិកា ដែលកាកបាទក្រហមបានប្រមូលបានកាលពីឆ្នាំទៅ បានប្រើប្រាស់មួយភាគធំ ដើម្បីជួយជីកអណ្តូងទឹក ស្រះទឹកនៅតាមមូលដ្ឋាន ដែលបច្ចុប្បន្ននេះ ក៏បានជួយសម្រួលទៅឲ្យប្រជាពលរដ្ឋរបស់យើងនៅច្រើនទីកន្លែង ដែលធ្លាប់តែខ្វះខាតទឹកគ្មានទឹកប្រើប្រាស់។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះកាកបាទក្រហមកម្ពុជា…