សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
[សុន្ទរកថា] សម្តេច ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី- រាជការនៃអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ ដោយសម្រេច បានសមិទ្ធផលធំៗជាច្រើន នៃការងារសកម្មភាពមីនក្នុងរយៈពេល ៣០ ឆ្នាំ នៅកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ ។ កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ១៩៩២ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយសង្គ្រាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច ។ ជាប្រទេស រងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាពនៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)…