សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូ ដើម្បីឯករាជ្យ ពីអាណានិគមនិយម ហើយការប្រារព្ធពិធីនេះក៏ជាឱកាសសម្រាប់វៀតណាមរំលឹក និងតបស្នងសងគុណដល់គុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំជើងចាស់វីរយុទ្ធជនពលីជនរួមជាតិ និងសមមិត្តរបស់វៀតណាមដែលបាន ប្រយុទ្ធលះបង់ និងពលីជីវិតសម្រាប់ ឯករាជ្យ។ ក្នុងពិធីដ៍មហោឡាឬកនេះ ក៍មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ…