ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។ ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតី ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦។