ចលនាគាំទ្រតាមផ្លូវចិត្តនិងតាមការផ្ដល់ថវិកា ទិញវ៉ាក់សាំង កូវីដ១៩ ជាខឿនការពារសុខភាព ប្រជាជន

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារ កូវីដ១៩ មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា “ខឿនការពារសុខភាពរបស់ប្រជាជន” បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជន នាឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១។ សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង ១៨ លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត។ នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖ ១. តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២. តាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជម្រាបជូនថាក្នុងករណីមានការផ្ទេរតាមធនាគារនេះ សូមកុំភ្លេចដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា “ខឿនការពារសុខភាពរបស់ប្រជាជន”៕

សម្តេចតេជោ ហ៊ុន សែន ណែនាំការធ្វើអាទិភាពវូបនីយកម្មមុខសញ្ញាចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ មុនគេ

សូមផ្ញើជូនគណៈកម្មការប្រឆាំងកូវីដ-១៩! ថ្ងៃស្អែកនេះ មានការប្រជុំដឹកនាំដោយឯកឧត្តន អូន ព័ន្ធមុន្នីរ័ត្ន តាមរយៈវីដេអូ conference ដោយសារតែឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានការជាប់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ជាមួយនឹងក្រសួងសុខាភិបាលស្តីពីការទិញ និងការស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដំបូងយើងសម្រេចថាទិញ(វ៉ាក់សាំង) ១ លានដូស។ ប៉ុន្តែ យើងមិនទាន់ប្រាកដថាទិញនៅប្រទេសណានៅឡើយ ចាំបាច់ត្រូវតែធ្វើការពិភាក្សា ហើយនិងស្វះស្វែងរកជំនួយថែមទៀត។ (វ៉ាក់សាំង) ១ លានដូសនេះ យើងចាក់បានត្រឹមតែ ៥០ ម៉ឺននាក់តែប៉ុណ្ណោះ ដូច្នេះត្រូវតែផ្តល់អាទិភាពសម្រាប់អ្នក(ដែលមានការចាំបាច់)ត្រូវបានមុន។ ខ្ញុំគ្រាន់តែលើកជាយោបល់(ថា) ក្នុង(វ៉ាក់សាំង) ១ លាន ដូសនេះ អ្នកដែលត្រូវបានមុនគេគឺគ្រូពេទ្យ … ព្រោះអ្នកទាំងហ្នឹងប្រឈមនឹងគ្រោះថ្នាក់ជួរមុខតែម្តង។ បន្ទាប់ទៅ យើងត្រូវផ្តល់ទៅឲ្យគ្រូបង្រៀនដែលមានប្រមាណជា ១២ ម៉ឺននាក់ ទៅឲ្យកម្លាំងប្រដាប់អាវុធរួមមានកងទ័ព មានអាវុធហត្ថ មាននគរបាល មានមន្រ្តីពន្ធនាគារជាដើម ដែលអ្នកទាំងនេះត្រូវប្រឈមនឹងហានិភ័យខ្ពស់។ បើយើងត្រូវធ្វើអន្តរាគមន៍នានា គឺយើងត្រូវប្រើប្រាស់កម្លាំងនេះ ក្នុងពេលដែលកម្លាំងនេះមិនមានវ៉ាក់សាំងចាក់ទេ គឺអ្នកទាំងនេះប្រឈមមុខនឹងគ្រោះថ្នាក់។ ដូច្នេះ កម្លាំងនគរបាល កងទ័ព អាវុធហត្ថ មន្រ្តីអនុរក្សពន្ធនាគារ ត្រូវទទួលបាន…

បំរុងថវិកាទិញវ៉ាក់សាំងចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូង

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំង កូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះ ប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយ និងកំពុងបញ្ចេញលក់អោយប្រទេសនានា។ ល្ងាចនេះ ខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជា មួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា? ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ ១ លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ ដង) ក្នុងពេលយើងមានប្រជាជន ១៦ លាននាក់ ទាំងចាស់ទាំងក្មេង ក្នុងនោះអាចមានមនុស្សប្រមាណ ១០ លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រ ខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២ រូប អោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើង ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយ។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ ៣ លានដូសថែមទៀតផងដែរ សម្រាប់ដំណាក់កាលបន្ទាប់៕