សង្កថា ក្នុងពិធីសម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កម្ពុជាមានពីរ គឺពិត និងក្នុងសារព័ត៌មាន … តើពេលនេះ យើងកំពុងស្ថិតនៅកន្លែងណា? ព្រោះថា កម្ពុជាមានពីរ។ ទីមួយគឺកម្ពុជាពិត និងទីពីរ កម្ពុជាលើទំព័រសារព័ត៌មាន ដែលមនុស្សមួយចំនួនបានទៅបរិហាកេរ្ត៍ ឬនិយាយអាក្រក់ពីកម្ពុជា (ដែលប្រៀបបាន) សឹងតែជាឋាននរកលោកីយ៍។ ថ្ងៃនេះ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួមទាំង ឯកឧត្តមអគ្គរដ្ឋទូតបារាំង និងអគ្គរដ្ឋទូតមកពីសហភាពអឺរ៉ុប ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ ពិតជាកំពុងរួមជាមួយយើងខ្ញុំស្ថិតនៅលើកម្ពុជាពិត។ ខ្ញុំបញ្ជាក់ឡើងវិញ កម្ពុជាយើងខ្ញុំ ពិតជាមានពីរ៖ កម្ពុជាពិត និងកម្ពុជាលើទំព័រសារព័ត៌មាន។ កម្ពុជាលើទំព័រសារព័ត៌មាននៅក្រៅប្រទេស តាមរយៈនៃការសរសេរផ្សាយរបស់មនុស្សមួយចំនួន រាប់ទាំងជនជាតិកម្ពុជាមួយចំនួនផង គឺកម្ពុជានោះមិនគួរឲ្យចង់រស់នៅ មិនគួរឲ្យមានការចង់មកទស្សនកិច្ចនោះទេ ហើយប្រហែលជាមិនមានវត្តមានក្រុមហ៊ុន VINCI ដែលរួមគ្នាសម្ពោធនៅថ្ងៃនេះនោះទេ។ ឥឡូវនេះ យើងពិតជាកំពុងឈរនៅទីនេះ សម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ថានីយអ្នកដំណើរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ ដែលក្រុមហ៊ុនមេ គឺក្រុមហ៊ុន VINCI។ គោលនយោបាយបើកចំហរជើងមេឃ អម្បាញ់មិញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានធ្វើរបាយការណ៍ទាក់ទងនឹងវឌ្ឍនភាព នៃការសាង សង់នេះរួចហើយ។…