សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ក្នុងពិធីបើកមហាសន្និបាតលើកទី ៩ របស់សភាតំបន់ឤ ស៊ី អេភីអេ (APA) ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់ឤស៊ី»
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភា តំបន់ឤស៊ី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ប្រធាន សមាជិក សមាជិកាគណៈប្រតិភូសភាតំបន់ឤស៊ី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើក មហាសន្និបាតលើកទី ៩ នៃសភាតំបន់ឤស៊ី ដែលប្រពឹត្តទៅនៅលើទឹកដីខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី ២ ដែលព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនៃសភាតំបន់ឤស៊ីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវការ ស្វាគមន៏ចំពោះសមាជិកសភា នៃបណ្តាប្រទេសជាសមាជិកសភាតំបន់ឤស៊ី ប្រទេសសង្កេតការណ៍ អង្គការដៃគូ និងគណៈប្រតិភូទាំងអស់ ដែលចូលរួមក្នុងព្រឹត្តិការណ៍មហាសន្និបាតជាប្រវត្តិសាស្ត្រនេះ។ ឆ្នាំនេះ មហាសន្និបាតបានលើកយកប្រធានបទស្តីពី «ការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតំបន់ឤស៊ី» ដែលជាប្រធានបទដ៏សំខាន់មួយសម្រាប់បំផុសស្មារតីយើងឱ្យចេះ រួមគ្នាស្វែងរកសន្តិភាព ស្រឡាញ់សន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសភាពការណ៍វិវត្តរបស់តំបន់ និងពិភពលោក ដែលកំពុងតែញាំញីដោយរងើកភ្លើងនៃជម្លោះ និងសង្គ្រាម ព្រមទាំងការរីករាលដាលនៃអំពើភេរវកម្ម ដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិទាំងមូល។ តាមរយៈប្រធានបទនេះ អនុញ្ញាតឱ្យខ្ញុំបង្ហាញដល់អង្គសន្និបាតអំពីមូលហេតុសំខាន់ ដែលនាំឱ្យកម្ពុជាស្រឡាញ់សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដោយក្នុងនោះ ខ្ញុំសូមគូសរំលេចឡើងវិញខ្លះៗ អំពីបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានជួបប្រទះកន្លងមក។…