សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នារសៀល ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ។ យោងតាម ឯកឧត្តមជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។ ឯកឧត្តមបានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាមចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក…