សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម បឺណ័រ ឌីស្ប៉ា (Benoît DISPA) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម បឺណ័រ ឌីស្ប៉ា (Benoît DISPA) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជាក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះគឺជាផ្នែកមួយដែលចូលរួមចំណែកឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ ហើយសម្ដេចសង្ឃឹមថា ឯកឧត្តមនឹងរីករាយនៅក្នុងការស្នាក់នៅ ក៏ដូចជាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជានាពេលនេះ។ ជាការឆ្លើយតប ឯកឧត្តម បឺណ័រ ឌីស្ប៉ា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយសដែលបានអញ្ជើញមកដល់ប្រទេសកម្ពុជា ហើយបានឃើញពីភាពរីកចម្រើនរបស់កម្ពុជានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានភាពធន់ដោយសារតែប្រទេសនេះបានឆ្លងកាត់នូវឧបសគ្គ ជាច្រើនកាលពីអតីតកាល ដូចជាក្នុងរបបប្រល័យពូជសាសន៍…

