«ការឈឺចាប់ដែលមិនអាចបំភ្លេចបាន», សារលើហ្វេសប៊ុក អំពីខួបនៃការស្លាប់របស់កូន ហ៊ុន កំសត់
កូនប្រុសដ៏កំសត់របស់ពុក នៅថ្ងៃនេះគឺដល់ខួប ៤២ ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុក និងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចាកូនកំសត់ ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង ៦ ព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃ ត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្ម ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើលម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។…