សុន្ទរកថាគន្លឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ថ្លែងក្នុង ពិធីបើក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២
[ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញនេះ នាយករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា។ ឥឡូវដល់ឪនាយករដ្ឋមន្រ្តីម្ដង។ សង្កេតមើល អម្បាញ់មិញគឺនាយករដ្ឋមន្រ្តីសក់ស ឯឪនាយករដ្ឋមន្រ្តីសក់ខ្មៅ។ ដូច្នេះ កំណត់ថា សក់ខ្មៅមិនប្រាកដថាក្មេងទេ ហើយសក់សក៏មិនប្រាកដថាចាស់ដែរ។ នេះជារឿងពិត។ [ចប់សេចក្ដីអធិប្បាយ១] សម្តេច ឯកឧត្តម លោកជំទាវ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា, ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ សមាជិក សមាជិកាសភា តំណាងអង្គការជាតិ និងអន្តរជាតិ, អស់លោក លោកស្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវគារវកិច្ចស្និទ្ធស្នាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូប ដែលបានធ្វើដំណើរពីគ្រប់ទិសទីជុំវិញសកលលោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់, យើងជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ…

