ការដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតក្រសួងអប់រំយុវជន និងកីឡា
បង្វិលឈើដែលចាប់បាន ឲ្យទៅក្រសួងអប់រំ ប្រើប្រាស់ក្នុងវិស័យអប់រំ … ខ្ញុំចង់យកឱកាសនេះ ដើម្បីនិយាយបញ្ហាមួយចំនួន។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងអំពីបញ្ហាប្រឈម ៣ ហើយក៏បានផ្ញើមកឲ្យខ្ញុំ។ ខ្ញុំចង់ឆ្លើយតបនៅទីនេះតែម្តង ហើយយកកន្លែងនេះ ធ្វើជាកន្លែងប្រកាសចេញចំណុចខ្លះ ដែលមិនធ្លាប់មានពីមុន។ ទី ១ ទាក់ទងនឹងបញ្ហាខ្វះសាលា ហើយចង់ឲ្យមានបញ្ហាទាក់ទិននឹងសាលាឈើ។ ឥឡូវនេះ ធ្វើសាលាឈើ សាលាថ្ម ឬសាលាអី អាហ្នឹងរឿងមួយ រឿងធំជាងគេ ខ្ញុំសុំប្រគល់ជូនឈើទាំងអស់ ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា។ មុនមកនេះ ខ្ញុំបានទូរស័ព្ទសួរនាយឧត្តមសេនីយ សៅ សុខា តើឈើមានប៉ុន្មានឥឡូវហ្នឹង ឈើដែលយើងឲ្យយុទ្ធនាការប៉ុន្មានខែនេះ? ថាមានប្រហែលជា ៣-៤ ម៉ឺនម៉ែត្រគូប។ បើអញ្ចឹង សូមឯកឧត្តម ហង់ ជួនណារ៉ុន ចាត់ចែងទៅ ចង់យកទៅធ្វើសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើទ្វារបង្អួចសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើតុ ធ្វើកៅអី ក៏ធ្វើទៅ ចង់យកទៅធ្វើផ្ទះគ្រូ ក៏យកទៅ…