សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៊ីស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អ៊ីស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ជាឯកអគ្គរាជទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមក្នុងឱកាសនេះ។ ឯកឧត្តមបានសរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោដែលដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានរំលេចផងដែរថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម ជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេសទាំងពីរគប្បីត្រូវធ្វើបន្ថែមគឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច…

