សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះឯកឧត្តម ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាបេសកកម្មរបស់ឯកឧត្តមក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងបេណាំងឱ្យកាន់តែរីកចម្រើនបន្តទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបហើយប្រគល់សារតាំងនាពេលនេះ។ សម្ដេចតេជោបានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។ សម្ដេចតេជោបានរំលឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះកម្ពុជាត្រូវបានរឹតត្បិតនៃការដាក់ទណ្ឌកម្មពីបរទេស តែបេណាំងនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។ សម្ដេចតេជោក៏ឈ្លៀតឱកាសនេះអញ្ជើញប្រធានាធិបតីរបស់បេណាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។…

