សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី “អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម”
ឯកឧត្ដម លី ប៉ាវតុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី ឯកឧត្តម ប្រមុខរដ្ឋ និងរដ្ឋាភិបាល ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានទទួលស្គាល់ថាជាវេទិកាប្រកបដោយឥទ្ធិពលមួយ សម្រាប់ការរៀបចំរបៀបវារៈថ្នាក់តំបន់ និងសកលលោក ដោយបានពាំនាំនូវសំឡេង និងបញ្ញាញាណរបស់អាស៊ី នៅក្នុងការដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងពិភពលោកមួយដែលមានសន្តិភាព និងឈានទៅរកភាពកាន់តែប្រសើរ សម្រាប់ទាំងអស់គ្នា។ ជាបឋម ខ្ញុំសូមអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាការបញ្ចប់ប្រកបដោយជោគជ័យនៃ «មហាសន្និបាតទាំងពីរ» ពោលគឺ សម័យប្រជុំពេញអង្គប្រចាំឆ្នាំនៃសភាជាតិប្រជាជន និងសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន ដែលបានកំណត់វិធានការសំខាន់ៗ ដើម្បីជំរុញទំនើបកម្មរបស់ចិន ផ្អែកលើបរិបទ និងចរិតលក្ខណៈរបស់ចិន។ ការសង្កត់ធ្ងន់លើនវានុវត្តន៍បច្ចេកវិទ្យា…