សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកអង្គស្នួល ខេត្តកណ្តាល
៨៣% នៃរោងចក្រ បានបើកបៀវត្សរ៍ ២ សប្តាហ៍ម្តងជូនកម្មកររួចហើយ សុខសប្បាយទេបងប្អូន? ឥឡូវ មុននឹងចាប់ផ្ដើមគួរតែសួរសំណួរ ២-៣ សិន។ សំណួរទី ១ តើក្មួយៗជាកម្មករ/ការិនី ដែលបានបើកប្រាក់ខែ ១៥ ថ្ងៃម្តង ឬ ២ សប្ដាហ៍ម្ដង តើមានប៉ុន្មាននាក់ក្នុងចំណោមហ្នឹងសូមលើកដៃ? ដូច្នេះ ភាគច្រើនហើយ។ ឥឡូវដាក់ចុះ។ អ្នកដែលមិនទាន់បានបើកមានប៉ុន្មាន រោងចក្រមិនទាន់បានបើក? ដូចអត់មាន។ នេះជាការពិនិត្យមួយ។ ខ្ញុំគិតថា នេះជាផលប្រយោជន៍ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរាយការណ៍ (ដែលថា) ៨៣% នៃចំនួនរោងចក្រ ដែលបានបើកបៀវត្សរ៍ឲ្យក្មួយៗរួចហើយ សូមថ្លែងនូវការកោតសរសើរ។ ម៉េចបានជាដាក់ឈ្មោះថា ឃុំឆក់ឈើនាង? សំណួរទី ២ ចង់សួរថា តើមាននាងណាខ្លះដែលបាត់ឈើ? ព្រោះឃុំនេះជាឃុំឆក់ឈើនាង។ បើឃុំឆក់ឈើនាង គឺខ្ញុំចេះតែស្រាវជ្រាវរឿងហ្នឹង ប៉ុន្តែប្រហែលជាបណ្ឌិត រ័ត្ន សណ្ដាប់ ត្រូវទទួលភារកិច្ច ដើម្បីធ្វើការស្រាវជ្រាវថា ហេតុអ្វីបានជានៅកន្លែងនេះដាក់ឈ្មោះឃុំឆក់ឈើនាង? ពាក្យថា ឆក់ឈើនាង មានន័យថា នាងកំពុងតែកាន់ឈើ…