ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអបអរសាទរ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
FN ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិនេះ គឺជាឱកាសដ៏មហោឡារិក និង ឧត្ដុង្គឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម និង សមិទ្ធផលដ៏ត្រចះត្រចង់ របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និង ជាពេលវេលាដ៏ស័ក្តិសម ដើម្បីយើងទាំងអស់គ្នាសម្ដែងនូវអំណរគុណការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាច ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិទ្ធិរស់នៅ សិទ្ធិក្នុងការបញ្ចេញមតិ…