គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កុំភ្លេចមកចូលរួមបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ សូមត្រឡប់មកប្រទេសកម្ពុជា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះកុំបីខាន។ តាមសេចក្ដីអំពាវនាវដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីបោះឆ្នោត ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោត។ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត នឹងត្រូវធ្វើជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕