គ.ជ.ប៖ ឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅខែកក្កដាខាងមុខនេះ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ថា មានឯកសារចំនួន៣ ដែលអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ប្រភេទឯកសារ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ត្រូវបានគ.ជ.ប បញ្ជាក់ថា៖ ទី១៖ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ទាំងបីប្រភេទរួមមាន ប្រភេទទី១ ឬទី២ ឬទី៣ ទី២៖ ឯកសារបញ្ជាក់អត្ដសញ្ញាណ បម្រើឲ្យការបោះឆ្នោត (ឯ.អ) ទី៣៖ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ (ឯ.អ) ដែលមានបញ្ជាក់ពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ដោយ គឃ.សប។ បើតាមគ.ជ.ប នេះជាគោលបំណងធានាដល់សិទ្ធិក្នុងបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ប៉ុន្ដែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនបាត់ ឬខូច៕