ការដកស្រង់សង្កថា ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ ២១ (តាខ្មៅ-ជ្រៃធំ)
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈទាំងអស់គ្រប់ព្រះអង្គ ឯកឧត្តម Kim Weon Jin អគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Hong Young Pyo អនុប្រធានមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ផ្លូវជាតិ ២១ ជាក់ស្តែងជាផ្លូវធ្វើថ្មីទាំងស្រុង ជាជំនួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកការដ្ឋានសម្រាប់ការសាងសង់ផ្លូវជាតិលេខ ២១។ តាមពិត ការដ្ឋាននេះបាន និងកំពុងដំណើរការប្រមាណជាជិតមួយឆ្នាំរួចមកហើយ ហើយក៏កសាងបានមួយចំនួនរួចហើយដែរ។ ប៉ុន្តែ ថ្ងៃនេះ យើងបើកការដ្ឋានជាផ្លូវការ ដើម្បីការធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ ២១។ តាមពិត ពាក្យថាធ្វើឲ្យប្រសើរឡើងនេះ គ្រាន់តែជាភាសាដើម្បីសម្រួលថាពីដើម យើងមានផ្លូវជាតិលេខ ២១ ប៉ុន្តែ លើការជាក់ស្តែង ផ្លូវនេះគឺធ្វើថ្មីទាំងស្រុងតែម្តង គ្មានបន្សល់ទុកនូវអ្វីដែលជាផ្លូវចាស់ដែលយើងបានសាងសង់ពីមុន ហើយក៏បានជួសជុលជាបណ្តើរៗ…