សុន្ទរកថា និង ប្រសាសន៍ក្រៅសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកឧត្តមអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងស្ថាប័នជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតីក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដែលជាទិវាប្រវត្តិសាស្ត្រមួយទៀត នៅក្នុងដំណើរការនៃការកែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។ ផ្លែផ្កាជាសមិទ្ធផលទទួលបាននាបច្ចុប្បន្ន ដុះចេញពីឫសគល់ដែលជាមូលដ្ឋានគ្រឹះពីអតីតកាល នោះគឺការបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការធានាបាននូវសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស។ សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិក្នុងគ្រប់ផ្នែក គ្រប់វិស័យ រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ច្បាស់ណាស់ថា កន្លងមកយើងមិនបានរង់ចាំទាល់តែ ទទួលបានសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្ដើមកិច្ចការកែទម្រង់នោះទេ។ ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចាប់ផ្ដើមធ្វើការកែទម្រង់លើគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដោយផ្ដោតលើអាទិភាពបន្ទាន់ទាំងឡាយស្របតាមបរិការណ៍ និងកាលៈទេសៈនៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការ ដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ។ យ៉ាងណាមិញ…