វិធានការ៣ ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុសម្រាប់ត្រីមាសបន្ទាប់
FN៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី៥១ ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ។ អង្គប្រជុំនោះបានពិភាក្សាលើបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគោលនយោបាយរូបិយវត្ថុ សម្រាប់អនុវត្តនាគ្រាខាងមុខ។ ក្នុងកិច្ចប្រជុំនោះធនាគារជាតិនៃកម្ពុជា បានសម្រេចលើជំហរគោលនយោបាយរូបិយវត្ថុ៣យ៉ាង ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ សម្រាប់ត្រីមាសបន្ទាប់រួមមាន៖ ១៖ ធ្វើអន្ដរាគមន៍លើទីផ្សារប្ដូរប្រាក់ តាមការចាំបាច់ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់។ ២៖ បន្ដផ្គត់ផ្គង់សន្ទនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ក្នុងទំហំសមស្រប។ ៣៖ បន្ដពង្រឹងការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយ តាមវិថានការដែលមានស្រាប់ និងវិធានការតាមយន្ដការទីផ្សារ៕