សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តឈូកវ៉ា
សមិទ្ធផលថ្មី និងវឌ្ឍនភាពនៃវត្តឈូកវ៉ា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ ផលនានា នៅក្នុងវត្តឈូកវ៉ា ដែលកំពុងប្រព្រឹត្តទៅនៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ មានអារម្មណ៍ថា ប្រសិនបើវិញ្ញាណក្ខន្ធរបស់ តាវ៉ា និង យាយឈូក គាត់បានដឹងអំពីការខិតខំរបស់យើងនៅទីនេះ គាត់ប្រាកដជានឹងមានការសប្បាយរីករាយ ហើយនិងផ្ដល់នូវពរជ័យសម្រាប់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីៗថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏មានអារម្មណ៍ថា ព្រះចៅអធិការមុនៗ ជាពិសេសព្រះចៅអធិការដែលចាប់ផ្ដើមទទួលដីពី តាវ៉ា និង យាយឈូក ព្រះអង្គពិតជាមានអារម្មណ៍រីករាយ។ ប្រហែលជា តាវ៉ា និង យាយឈូក គាត់នៅក្នុងចំណោមមនុស្សដែលចាប់ជាតិមកនៅទីនេះក៏មិនដឹង ហើយព្រះចៅអធិការមុននៅហ្នឹងក៏មិនដឹង។ យើងមិនដឹងថា ជំនឿចាប់ជាតិវាយ៉ាងម៉េច ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មានជំនឿរឿងចាប់ជាតិ។ អម្បាញ់មិញ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងទីអារាមនេះ។ ប្រវត្តិទីអារាមនេះ ក៏ជាប្រវត្តិដែលពាក់ព័ន្ធជាមួយនឹងប្រវត្តិនៅក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលយើងបានជួបប្រទះនូវការរីកចម្រើនផង និងការជួបប្រទះជាមួយនឹងភាពខ្ទេចខ្ទាំ ហើយព្រមទាំងសោកនាដកម្ម ដែលបានបង្កើតឡើងនៅក្នុងសម័យសង្រ្គាម និងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សមិទ្ធផលដែលយើងបានកសាងនៅទីនេះ គឺសក្តិសមជាមួយនឹងកិច្ចខិតខំប្រឹងប្រែង…