សុន្ទរកថា ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងដៃគូអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធី “ទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ”។ រូបខ្ញុំផ្ទាល់ ជាមួយនឹងប្រជាជនកម្ពុជាទាំងមូល សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីសោមនស្ស ចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតារបស់ខ្លួន បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយនៃសង្រ្គាមស៊ីវិល ការលួច និងជួញដូរខុសច្បាប់ទៅក្រៅប្រទេស។ សន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល គឺជាមូលដ្ឋានដ៏រឹងមាំ និងមានតម្លៃពុំអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសកម្ពុជាអាចឈានមកដល់ការអភិវឌ្ឍលើគ្រប់ វិស័យដូចសព្វថ្ងៃ និងប្រជាជនរស់នៅដោយសុខដុមរមនា។ ថ្ងៃនេះ អង្គពិធីទាំងមូលកំពុងស្ថិតនៅចំពោះមុខរូបបដិមាព្រះឥសូរ ជាអាទិទេពកំពូលមួយនៅក្នុងព្រហ្មញ្ញសាសនា និងក៏ជាឪពុករបស់បុត្រទាំងពីរ គឺ ព្រះស្កន្ទ និង ព្រះគណេស ដែលកំពុងគង់នៅអមសងខាងឪពុកនាពេលនេះ។ ព្រះស្កន្ទ ក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹកសង្គ្រាម ឬ ជាមេទ័ពដ៏អស្ចារ្យប្រចាំនៅស្ថានសួគ៌ដែលមានយានជាសត្វក្ងោក។ នៅសម័យបុរាណខ្មែរមានជំនឿទៅលើទេពអង្គនេះខ្លាំងណាស់ដ្បិតជាបុត្រព្រះឥសូរ និងជាមេទ័ពដ៏ខ្លាំងពូកែ ដូចមានបង្ហាញក្នុងចម្លាក់ និងចារក្នុងសិលាចារឹក។ ចំណែកឯ ព្រះគណេស ដែលមានក្បាលដំរីនេះ…