សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥)
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈគណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្តសាសនិកសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយសមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ថ្ងៃនេះជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គណបក្សមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯក-រាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។ ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណ-បក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ,…