សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា (Abdul Raheem Abdulla) ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla, ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។ ឯកឧត្តមប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនឹងឯកឧត្តម ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ គឺបានជជែកទៅលើ ការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អែនឌ្រូ​ អាសៀម៉ា អាមួកូ (Andrew Asiamah Amoako) អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អែនឌ្រូ​ អាសៀម៉ា អាមួកូ (Andrew Asiamah Amoako) អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានអរគុណចំពោះឯកឧត្តម ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលទទួលរៀបចំនូវសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ក្នុងជំនួបពិភាក្សានោះក៏បានផ្ដោតសំខាន់ទៅលើ ការពង្រីករវាងតំបន់ ជាមួយនឹងតំបន់អាហ្វ្រិក ហើយនៅក្នុងក្របខណ្ឌទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្គាណា គឺកំពុងតែស្វែងរកឱកាសក្នុងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ គឺភាគីទាំងពីរបានជជែកពិភាក្សាទៅលើការផ្លាស់ប្ដូរបន្ថែមទៀតលើការបង្កើតនូវទំនាក់ទំនង រវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភានៃនេប៉ាល់ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេសនៅកើតមានវិបត្តិកូវីដ១៩កន្លងទៅ ដែលកម្ពុជាបានចូលរួមជួយដល់នេប៉ាល់ ហើយនិងនៅក្នុងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិជាដើម ក៏កម្ពុជាតែងតែជួយដល់នេប៉ាល់ជានិច្ច។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលផង ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងជាបន្តបន្ទាប់ ជាពិសេសតាមរយៈសន្និសីទប្រធានសភានៃអន្តរសភានេះ នឹងរួមចំណែកដ៏សំខាន់ផងដែរនាពេលខាងមុខ៕