សម្ដេចតេជោ ហ៊ុន សែន៖ នឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ

បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំ និងសហការីមួយចំនួននៅជាមួយខ្ញុំនៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេស៊ីព្រឹកស្អែក។ ដោយឡែកនៅទីបញ្ជាការមួយទៀត មាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលយើងនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។ យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅបណ្តាមេបញ្ជាការនៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាង ទៀត។ ថ្ងៃមុន Starbucksស្ករ១០០ %ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ០% ដេីម្បីបង្ការជំងឺទឹកនោមផ្អែម។

សម្ដេចតេជោ ហ៊ុន សែន៖ សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា

មុននេះ ថាក់ ស៊ីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ ស៊ីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។

សម្តេចតេជោ ​ហ៊ុន សែន ប្រកាសច្រានចោលការផ្សាយរបស់កាសែត The Nation ថា «សម្តេចជិះយន្តហោះទៅកាន់ប្រទេសចិន»

នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ។ ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះហើយ ជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។ លោកម្នាក់នេះហើយ ដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃ និងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់ទៅទៀតចុះ។ “Don’t Thai to me !”